លោកឧកញ៉ា សុខ ប៊ុន ប្រធានក្រុមហ៊ុន TEHO Development និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា រួមទាំងអង្គរក្ស រងនូវការប្តឹងចោទថា បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងសាហាវព្រៃផ្សៃទៅលើកញ្ញា ឯក សុជាតា ហៅសាសា អតីតពិធីការិនីទូរទស្សន៍ ស៊ីធីអិន កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងក្លឹបឡាហ្គេនបា ស្ថិតនៅសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន។តាមរយៈឃ្លីបវិដេអូមានរយៈពេលជាង១នាទីដែលទើបបែកធ្លាយនោះ គឺបានបង្ហាញឲ្យឃើញពីសកម្មភាព នៃការប្រើអំពើហិង្សាដ៏ឃោរឃៅព្រៃផ្សៃមួយ ដែលបង្កឡើងពីសំណាក់បុរសមានអំណាចម្នាក់ បានស្ទុះទៅចាប់បោចទាញសក់ កញ្ញាសាសា អូសចេញពីលើសាឡុង និងបានប្រើហិង្សាវាយតប់ទាត់ធាក់យ៉ាងចាស់ដៃមកលើរូបនាងដែលជាស្ត្រីភេទទន់ខ្សោយ គ្មានសមត្ថភាពតបតវិញនោះ។